រាជធានីបាងកក៖ ក្រោយពេលចេញបទបញ្ជា ដាក់ទីក្រុងបាងកក ក្នុងគ្រាអាសន្ន ហើយក្រុមបាតុករ នៅតែផ្គើននឹងច្បាប់នេះ និងនាំគ្នាបន្ដបាតុកម្មកាន់តែពុះកញ្ជ្រោលឡើង ស្រាប់តែកាលពីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចាប់ផ្ដើមបន្ទន់ឥរិយាបថ កាន់តែខ្លាំងជាងមុន ដោយលោកបានលើកឡើងថា លោកនឹងលុបចោលច្បាប់នោះវិញ ប្រសិបើបាតុកម្មគ្មានអំពើហិង្សា។
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ បានថ្លែងថា ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ បានបញ្ចេញសំឡេងរបស់ពួកគេ ហើយលោកក៏បានស្នើឲ្យមានការកោះប្រជុំសភាពិសេសមួយ ចាប់ពីថ្ងៃទី២៦ដល់២៧ ខែតុលា ឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំសភាពិសេសនោះ គឺផ្ដោតលើប្រធានបទជាច្រើន តាមអ្វីដែលក្រុមបាតុករចង់បាន។
លោកនាយករដ្ឋមន្រ្ដី មិនបានបញ្ជាក់ឲ្យបានពិស្ដារនោះទេ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រុមបាតុករ នៅតែទាមទារឲ្យលោកនាយករដ្ឋមន្រ្ដីថៃ ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង, កំណែទម្រង់រដ្ឋាភិបាល និងធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ហើយដកសិទ្ធិអំណាចពីព្រះមហាក្សត្រ។
ប្រជាពលរដ្ឋថៃ បានស្ដីបន្ទោសដល់រដ្ឋាភិបាល ចំពោះការប្រើប្រាស់នូវអំពើហិង្សា ប្រឆាំងនឹងក្រុមបាតុកម្មដោយអហិង្សា កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ។ រីឯនៅក្នុងសុន្ទរកថា កាលពីថ្ងៃទី២១ ខែតុលា លោកនាយករដ្ឋមន្រ្ដី បានទទួលស្គាល់ថា សកម្មភាពហិង្សាបែបនេះ មិនមែនជាការល្អនោះឡើយ។ ប៉ុន្ដែរឿងរបស់លោក ជុំវិញបាតុកម្ម កាលពីថ្ងៃសុក្រសប្ដាហ៍មុន មានលក្ខណៈខុសគ្នាច្រើន ដោយសារមានការប្រើអំពើហិង្សា មកលើប៉ូលិស។
នាយករដ្ឋមន្រ្ដីថៃ កំពុងតែរងសម្ពាធយ៉ាងខ្លាំង ពីក្រុមបាតុករ ក្រុមវេជ្ជបណ្ឌិត និងគ្រឹះស្ថានឧត្ដមសិក្សាជាង១០០០ បានប្រមូលផ្ដុំគ្នា ដង្ហែញត្ដិយកទៅដាក់ដល់វិមានរដ្ឋាភិបាល ដើម្បីជំរុញឲ្យលោកនាយករដ្ឋមន្រ្ដី ចុះចេញពីតំណែង។ ស្របពេលប្រទេសថៃ កំពុងតែមានបាតុកម្មយ៉ាងពុះកញ្ជ្រោលនោះ ស្រាប់តែកងទ័ព នៃប្រទេសនេះ បានចល័តរថពាសដែកជាច្រើនគ្រឿង នៅជាយទីក្រុងបាងកក បន្ថែមទៀត ធ្វើឲ្យប្រជាពលរដ្ឋ បានចាត់ទុកថា នេះជាសកម្មភាពគំរាម មកលើក្រុមបាតុករ។
ផ្ទុយពីការលើកឡើងខាងលើនេះ លោកស្រី Sirichan Ngathong អ្នកនាំពាក្យយោធាថៃ បានបញ្ជាក់ថា ការដឹកជញ្ជូនរថពាសដែក Stryker ចំនួន១៤គ្រឿង ចេញពីទីក្រុងកំពង់ផែ Laem Chabang ស្ថិតក្នុងខេត្ត Chonburi នោះ មិនមែនជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដូចពាក្យចចាមអារ៉ាមលើកឡើង នៅលើបណ្ដាញទំនាក់ទំនងសង្គមនោះឡើយ។ ប៉ុន្ដែរថពាសដែកទាំងនេះ គ្រាន់តែចល័ត តាមបទបញ្ជាឱ្យដឹកទៅកាន់បន្ទាយ ស្ថិតក្នុងខេត្ត Saraburi ដោយត្រូវឆ្លងកាត់តំបន់ភាគខាងកើត នៃជាយក្រុងបាងកក តែប៉ុណ្ណោះ។
កាលពីពេលកន្លងទៅថ្មីៗនេះ មេទ័ពកំពូលថ្មីរបស់ថៃ បានប្រកាសថា លោកធានាជាថ្មី ដោយសន្យា នឹងមិនឲ្យមានការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសថៃ បន្ដទៀតឡើយ។ ប៉ុន្ដែការលេចឡើងនូវពាក្យចចាមអារ៉ាម អំពីការធ្វើរដ្ឋប្រហារនេះ បានកើតឡើង ដោយសារកងទ័ពចល័តគ្រឿងសឹក ចំពេលស្ថានការណ៍វឹកវរ ដោយសារបាតុកម្មនយោបាយ កំពុងតែពុះកញ្ជ្រោលឡើង ហើយគួបផ្សំនឹងប្រទេសនេះ ធ្លាប់មានប្រវត្ដិ នៃការធ្វើរដ្ឋប្រហារយោធាជាញឹកញាប់ផងដែរ។
ថៃ ជាប្រទេសមានការធ្វើការរដ្ឋប្រហារយោធាច្រើនជាងគេបំផុត នៅលើពិភពលោក ចាប់តាំងពីឆ្នាំ១៩៣២មក ហើយនៅពេលឃើញកងទ័ពចល័តគ្រឿងសឹក ចំពេលស្ថានការណ៍នយោបាយកំពុងវឹកវរ នៅក្នុងប្រទេស ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ អំពីការធ្វើរដ្ឋប្រហារយោធា ទម្លាក់នាយករដ្ឋមន្រ្ដី លោក ប្រាយុត ចាន់អូចា ចេញពីតំណែង៕