ពលរដ្ឋ រស់នៅតាមទឺកស្ទឹងព្រែកត្នោត ចាប់ផ្ដើមធូរទ្រូងវិញហើយ…
រាជធានីភ្នំពេញ៖ បើគិតត្រឹមវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២០ ទឹកស្ទឹងព្រែកត្នោត បន្ដស្រកចុះ ០,៣២ម៉ែត្រ បើធៀប នឹងល្ងាច ថ្ងៃទី២៤ ខែតុលា ម្សិលមិញ ហើយប្រសិនបើមិនមានភ្លៀងធ្លាក់បន្ដទៀតទេនោះ ស្ថានភាពទឹក អាចនឹងស្រកចុះលឿនជាងនេះបន្ថែមទៀត។
បើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី២៥ ខែតុលានេះ ស្ថានភាព កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,៣២ ម៉ែត្រ ធៀបនឹងវេលាល្ងាចថ្ងៃម្សិលមិញ (ទី២៤)។ ដោយឡែក ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា គិតត្រឹមវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកខាងមុខទ្វារ គឺ៤,៨០ ម៉ែត្រ ស្រកចុះ ១,៨៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០, កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ ម៉ែត្រ ហើយកម្ពស់ទឹកខាងក្រោយទ្វារ ៧,៦០ម៉ែត្រ។
បើតាមការបញ្ជាក់របស់ក្រសួងធនធានទឹកខាងលើនេះ ទឹកមានការស្រកចុះជាលំដាប់ ហើយប្រសិនបើមិនមានភ្លៀងធ្លាក់បន្ដទៀត ទឹកស្ទឹងនេះ អាចនឹងបន្ដស្រកចុះយ៉ាងលឿនថែមទៀត៕