(ភ្នំពេញ)៖ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ សហការជាមួយសាលាសង្កាត់ និងមន្ត្រីពាក់ព័ន្ធចាត់វិធានការក្តៅទៅលើកទីតាំងសិប្បកម្មអេតចាយមួយចំនួន នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង (ផ្លូវ ៥០ម៉ែត្រ) ដែលមិនស្តាប់តាមការណែនាំជាច្រើនលើកច្រើនសាររបស់រដ្ឋបាលខណ្ឌដង្កោ ដោយតម្រូវឲ្យរុះរើជាបន្ទាន់នូវទីតាំងសិប្បកម្មអេតចាយទាំងឡាយណាដែលសាងសង់រំលោភបំពានចំណីផ្លូវសាធារណៈ។
ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ តាមផ្លូវសាធារណៈ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌងង្កោ កាលពីថ្ងៃទី០៩ ខែធ្នូ បានស្នើសុំឲ្យប្រជាពលរដ្ឋ ក៏ដូចជា ម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដាក់តាំងឧបករណ៍ សម្ភារៈសំណង់ទំនិញផ្សេងៗ ស្លាកយីហោ និងផើងផ្កាជាដើម ដែលកំពុងរំលោភយកផ្លូវ និងចិញ្ចើម ផ្លូវសាធារណៈ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការលក់ ដាក់តាំងសម្ភារៈសំណង់ ទំនិញផ្សេងៗ, ស្លាកយីហោ និងជើងផ្កា ទាំងនោះចេញឲ្យអស់ពីចិញ្ចើមផ្លូវក្នុងរយៈពេលចំនួន ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងករណី មិនអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខណ្ឌដង្កោ នឹងមានវិធានការរុះរើ និងដកហូតសម្ភារៈដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗដែលបានដាក់តាំងលើផ្លូវសាធារណៈ ក្នុងករណីមានការរារាំង រឹងរូសមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងមានវិធានការតាមនីតិវិធីច្បាប់ ៕