ព្រឹកម្សិលមិញនេះ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ទូច សុខៈ ដែលជាអ្នកនិយាយព័ត៍មាននៅក្នុងស្ថានីយទូរទស្សន៏ រស្មី ហង្សមាស បានជួបរឿងដ៏អកុសលមួយ ដោយផ្ទះរបស់លោកត្រូវបានអគ្គីភ័យឆាបឆេះ និងលេបត្របាក់ជាន់លើអស់ នៅសល់តែជាន់ក្រោមបន្ដិចបន្ដួចតែប៉ុណ្ណោះ។
ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក ទូច សុខៈ បានបង្ហាញអារម្មណ៏សោកស្ដាយថា៖”ចប់! អាស្រមដំបូង ដែលម៉ែឱ្យលុយបង់ធនាគារផ្ដាច់ ឥឡូវត្រូវលោកភ្លេីងវាយប្រហារ។ ១៥ វិច្ឆិកា ២០១៩”។
លោក ក៏បានសរសេរប្រាប់ពីទុក្ខលំបាកជាច្រើន ទម្រាំតែគាត់ អាចមានលិទ្ធភាពទិញផ្ទះខាងលើនេះបាន ដោយគាត់បានសរសេររៀបរាប់ឱ្យដឹងថា៖”ផ្ទះកំសត់! ទម្រាំទិញផ្ទះនេះបាន ខ្ញុំបានឆ្លងកាត់បន្ទប់ជួល៤កន្លែង រួមមាន ជាន់ទីបួនម្ដុំអូឫស្សី ខាងកេីតវត្តសន្សំកុសល ម្ដុំបឹងត្របែកខាងត្បូង និងនៅលេីបឹងទំពន់ជាប់ផ្លូវ៣៧១។ ក្រោយមក ពីរនាក់ប្ដីប្រពន្ធបានសម្រេចចិត្តខ្ចីលុយធនាគារ ដោយបង់រំលោះរយៈពេលជាង១០ឆ្នាំទិញផ្ទះនេះក្នុងតម្លៃ២៥០០០ដុល្លារ។
គិតថា ចាំធូរធារបន្តិចនឹងជួសជុលឱ្យប្រសេីរបន្តិចទុកជាអនុស្សាវរីយ៍ ដឹងអីត្រូវរងគ្រោះដោយអណ្ដាតភ្លេីង។ ពេលវាឆេះខ្ញុំមិនបាននៅកន្លែងកេីតហេតុទេ ដោយកំពុងផ្សាយព័ត៌មាននៅទូរទស្សន៍។ អ្វីដែលសឹងមិនជឿ គឺផ្សាយព័ត៌មានផ្ទះខ្លួនឯង តែមិនដឹងថាជាផ្ទះខ្លួនឯង!
តាមប្រភពពីកន្លែងកេីតហេតុ និងអុំស្រីម្ចាស់ផ្ទះជាប់គ្នាប្រាប់ថា គឺទុសេពីក្នុងបន្ទប់ជួលផ្ទះគាត់នៅជាន់ខាងលេី ហេីយគាត់ស្មានតែសម្លេងគេវាយកណ្ដុរក៏មិនចាប់អារម្មណ៍។ រហូតដល់ឆេះសន្ធោរសន្ធៅទៅហេីយទេីបដឹងថាភ្លេីងឆេះ ហេីយវាបានរាលដល់ផ្ទះខ្ញុំរួចហេីយដែរ។ ភ្លេីងឆេះមិនដល់៥នាទី សឹងគ្មានសល់ ដោយបានក្រុមពន្លត់អគ្គីភ័យអន្តរាគមបន្ថែម។
ខ្ញុំសូមថ្លែងអណរគុណចំពោះ ឯកឧត្ដម លោកជំទាវ និងបងប្អូនទាំងអស់ដែលផ្ញេីសារចូលរួមសោកស្ដាយដល់ខ្ញុំ។ សូមអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានដែលបានចុះផ្សាយផងដែរ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏បញ្ជាក់ជូនបងប្អូនមួយចំនួន ពិសេសអ្នកសារព័ត៌មានដែលតាំងសំណួរមកខ្ញុំអំពីសំណងខូចខាត។ ជាការពិតផ្ទះដែលជាប្រភពបង្កហេតុមានកាតព្វកិច្ចជួសជុលសំណង ប្រសិនម្ចាស់ផ្ទះរងគ្រោះជិតខាងប្ដឹងទាមទារ ប៉ុន្តែទោះខ្ញុំមិនសូវសម្បូរធនធាន ដោយយោងគោលការណ៍ក្បែរខាង ខ្ញុំមិនទាមទារឱ្យគាត់សងការខូចខាតទេ។
ខ្ញុំនឹងព្យាយាមសន្សំប្រាក់ដេីម្បីសាងសង់តាមទម្រង់ចាស់ទុកជាអនុស្សាវរីយ៍។ ខ្ញុំពិតជាមិនចង់បាត់វាទេ ព្រោះជាញេីសឈាមប្ដីប្រពន្ធ និងការជ្រោមជ្រែងរបស់ប្អូនៗថ្លៃ ពុកម្ដាយក្មេង។ ជាពិសេស អ្នកមានគុណម្នាក់ទៀត ដែល
បានឧបត្ថមប្រាក់បង់ផ្ដាច់ធនាគារ។ ១៥ វិច្ឆិកា ២០១៩”៕