(ភ្នំពេញ)៖ ការផ្ទុះជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណាប្រភេទថ្មីនេះ គេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលចូលមកកាន់កម្ពុជាកំពុងមានការថយចុះជាបណ្ដើរៗ ខណៈអ្នកដំណើរដែលឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិនានាក៏មានការថមថយផងដែរ។
លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងដំណាក់កាល នៃការផ្ទុះជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ ចំនួនអ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ពិតជាមានការថយចុះប្រាកដមែន ដោយសារកាលពីកន្លងទៅ នៅពេលយន្តហោះចុះចតម្ដងៗ មានអ្នកដំណើរប្រមាណ ១៥០នាក់ ប៉ុន្តែក្នុងដំណាក់កាលថយចុះនេះ នៅសល់តែប្រមាណ ១០០នាក់ ក្នុងមួយជើងតែប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលថ្លែងយ៉ាងដូច្នេះថា «យើងឃើញរាល់ថ្ងៃនេះមានការធ្លាក់ចុះ គ្រាន់តែថាច្រើនតិចយើងអត់ទាន់កំណត់ឃើញនៅឡើយទេ។ ធម្មតាគេមកមួយជើង ១៥០នាក់ តែឥឡូវនៅត្រឹម ១០០នាក់»។
ពេលចុះត្រួតពិនិត្យស្ថានភាពភ្ញៀវទេសចរ និងអ្នកដំណើរដែលឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រី ថោង ខុន បានសង្កេតឃើញថា ចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិ មានការថយចុះជាងពេលមិនទាន់ផ្ទុះជំងឺកូរ៉ូណាប្រភេទថ្មី ខណៈដែលប្រទេសចិនក៏បានហាមឃាត់ប្រជាជនរបស់ខ្លួន ដែលស្ថិតនៅនៅតំបន់ផ្ទុះជំងឺនេះមិនឱ្យចេញក្រៅខេត្តអ័រហ័ន (WUHAN) ផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ជាទូទៅ នៅពេលមានជំងឺឆ្លងរាលដាលដូច្នេះ ភ្ញៀវទេសចរអន្តរជាតិនឹងកាត់បន្ថយការចេញទស្សនាក្រៅប្រទេសរបស់ខ្លួន។ ប៉ុន្តែសម្រាប់កម្ពុជានឹងជំរុញឱ្យមានចលនាទេសចរណ៍ក្នុងប្រទេសឱ្យបានច្រើន។
ដើម្បីចូលរួមដោះស្រាយបញ្ហាធ្លាក់ចុះចំនួនទេសចរអន្តរជាតិនេះ ក្រសួងទេសចរណ៍នឹងកោះប្រជុំជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) វិស័យឯកជន សមាគម និងដៃគូពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ នាថ្ងៃទី២៩ ខែមករា ស្អែកនេះ៕