(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទាំងសម្តេច និងមេដឹកនាំអាស៊ានដ៍ទៃទៀត នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅកំឡុងពេលទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក នៅលើទឹកដីអាមេរិក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសសម្តេចថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយនេះ នៅវិមានសន្តិភាព។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ ខ្ញុំមិនដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពេលជួបខ្ញុំគាត់នឹងរំលឹករឿងហ្នឹង ឬអត់ (រឿងកម្ពុជាអនុញ្ញាតឲ្យនាវា Westerdam ចូលចត)? ព្រោះមានជំនួបទ្វេភាគីរវាងមេដឹកនាំអាស៊ាន ជាមួយនឹងប្រធានាធិបតី ត្រាំ ទាំងអស់។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចនឹងត្រូវអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ហើយសម្តេចក៏នឹងជួបប្រជុំជាមួយលោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីផងដែរ។ ការបញ្ជាក់របស់សម្តេច បានធ្វើឡើងក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើលិខិតអញ្ជើញមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នៅឆមាសទីមួយ ឆ្នាំ២០២០ ខាងមុខនេះ។ លិខិតអញ្ជើញរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយ លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ, តាមព័ត៌មានរបស់ម៉ាឡេស៉ីបានឲ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក Mahathir បុរសខ្លាំងមួយរូបនៅអាស៉ី នឹងមិនទៅចូលរួមទេ ចំណែកប្រធានាធិបតីហ្វីលីពីន បញ្ជូនត្រឹមរដ្ឋមន្រ្តីក្រសួងការបរទេសទៅចូលរួម៕