(វ៉ាស៊ីនតោន)៖ សេតវិមានសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ជូនសំណើសុំកញ្ចប់ថវិកាបន្ថែមចំនួន ២,៥ពាន់លានដុល្លាអាមេរិក ទៅកាន់សភាជាតិរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មី ឬ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមការិយាល័យគ្រប់គ្រងថវិកាជាតិអាមេរិកបានឲ្យដឹងថា ទឹកប្រាក់ចំនួន ១ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ការផលិត វ៉ាក់សាំងប្រឆាំងនឹងមេរោគ COVID-19 ខណៈថវិកាដែលនៅសល់ នឹងត្រូវចំណាយលើការគាំទ្រដល់សកម្មភាព និងការឆ្លើយតបនានា ក៏ដូចជាការផ្គត់ផ្គង់ផ្នែកសំភារៈបរិក្ខាពេទ្យជាដើម។
បច្ចុប្បន្ននៅអាមេរិកបានរកឃើញអ្នកឆ្លង COVID-19 ជាង ៥០ករណី។ ទោះជាយ៉ាងណា ការស្នើសុំកញ្ចប់ថវិកាខាងលើ ពីសំណាក់សេតវិមានទៅកាន់សភាអាមេរិកនេះ គឺមានចំនួនតិចជាងឆ្ងាយណាស់ បើប្រៀបធៀបនឹងចំនួនដែលបានស្នើសុំកាលពីឆ្នាំ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺអេបូឡា ដែលកាលណោះមានរហូតដល់ ៦,២ពាន់លានដុល្លាអាមេរិកឯណោះ៕