[កំពង់ធំ]៖ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខេត្តកំពង់ធំ ចាប់ខ្លួនបានមេខ្លោងជួញដូរគ្រឿងញៀនចំនួន៤នាក់ ដកហូតថ្នាំញៀន៤០គីឡូក្រាម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩រួចមកនោះ, នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនគរបាលបានចុះឆែកឆេររកឃើញគ្រឿងញៀនចំនួន៥៣គីឡូក្រាមថែមទៀត ដែលជនល្មើសលាក់ទុក។
ការសហប្រតិបត្តិការរុករកទីតាំងលួចលាក់ទុកគ្រឿងញៀន គឺត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីកម្លាំងអធិការស្រុកកំពង់ស្វាយ និងអាជ្ញាធរភូមិឃុំ បានដឹកនាំ ឆែករកវត្ថុតាងដោយ លោកអ៊ិត សុធា ព្រះរាជអាជ្ញា និងស្នងការនគរបាលខេត្តកំពង់ធំ បានចុះឆែកឆេរផ្ទះមួយខ្នង ស្ថិតនៅក្នុងភូមិសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រង់ចំនុចខាងកើតប្រឡាយទំនប់៣០កញ្ញា ដែលជនសង្ស័យបានលាក់ថ្នាំញៀន ប្រភេទបេតមហ្វេតាមីន (ម៉ាទឹកកក) នៅក្នុងផ្ទះធ្វើអំពើស័ង្កសី។
ការឆែកឆេរ គឺត្រូវបាននាំជនសង្ស័យទាំង៤នាក់ មកចង្អុលបង្ហាញនូវត្ថុតាង ក្រោយពីបើកសោរ សមត្ថកិច្ចជំនាញបានរកឃើញ វ៉ាលីក្រណាត់ចំនួន៣ មានពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ខៀវ ដែលបានលាក់ទុកនៅក្រោមគ្រែ សមត្ថកិច្ចបាននាំយកវ៉ាលីទាំង៣ មកឆែកបានប្រទះឃើញ ថ្នាំញៀនដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ ដែលមានពណ៌ទឹកមាស មានរូបសញ្ញាផ្កាយចំនួន៥ ដើម្បីបំភាន់ភ្នែកមហាជន ចំនួន៥៣ដុំ ស្មើរនឹង៥៣គីឡូក្រាម ។
សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដ៏ធំ នៅខេត្តកំពង់ធំ រួមមាន៖ ទី១-ឈ្មោះ SAk SAESONG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ, ទី២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ, ទី៣-ឈ្មោះ លី តឹក ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ និង ទី៤-ឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ៕