(ភ្នំពេញ)៖ ការណែនាំពីប្រធានអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានសាខាផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលទាំង៨ ក្នុងរាជធានីភ្នំពេញ បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការចុះពិនិត្យផ្សារចំនួន៣ រួមមាន៖ ផ្សារដើមគរ, ផ្សារស្ទឹងមានជ័យថ្មី និងផ្សារទួលទំពូង ក្នុងនោះមន្ត្រីជំនាញបានយកគំរូ ៥៤គំរូ បញ្ជូនមករថយន្តពិសោធន៍ចល័ត ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា៖ គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។
ក្នុងគោលបំណងរក្សាស្ថេរភាពថ្លៃទំនិញនៅលើទីផ្សារ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលប្រើប្រាស់ ទប់ស្កាត់ការលក់ទំនិញបំប៉ោងថ្លៃ កឹបកេងយកផលចំណេញ ហួសហេតុពីអ្នកទិញ មន្ត្រីកាំកុងត្រូល បានអនុវត្តសកម្មភាពចុះអង្កេតនឹងស្រង់ថ្លៃទំនិញសំខាន់ៗមួយចំនួនមានដូចជា ម៉ាស់ការពារ, ទឹកសម្លាប់មេរោគនឹងផលិតផលម្ហូបអាហារសំខាន់ៗ មួយចំនួនដែលដាក់តាំងលក់នៅលើទីផ្សារ រួមទាំងផលិតផលលក់តាម online ផងដែរ ដើម្បីស្វែងរកបទល្មើស ឈានទៅអនុវត្តវិធានការច្បាប់ ចំពោះជនខិលខូច៕