ភ្នំពេញ៖ បន្ទាប់ពីមានករណីជម្លោះយ៉ាងក្ដៅគគុករវាងតារាចម្រៀងសំឡេងស្អក លោក ខេម នឹងម្ចាស់ផលិតកម្មថោន ពេលនេះបញ្ហាក៏ដូចជារឿងរ៉ាវទាំងអស់ត្រូវបានបញ្ចាប់ជាស្ថាពរហើយ ក្រោយពីមានការអន្ដរាគមន៌ដំណោះស្រាយពីសំណាក់ លោក ហេង ឡុង។
ជាក់ស្ដែងយោងតាមការបង្ហោះរបស់លោក ហេង ឡុង កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានសរសេររៀបរាប់ថា៖ «ដំណឹងល្អសម្រាប់បងប្អូន បន្ទាប់ពីចំណាយពេលជាង៣ម៉ោង រហូតដល់ម៉ោង១យប់ ខ្ញុំបាទបានរកដំណោះស្រាយឈ្នះឈ្នះដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន នឹងតារាចម្រៀង ខេម។ទីបំផុតភាគីទាំងពីរបានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជម្លោះ អត់ឱនអធ្យាស្រ័យឲ្យគ្នា បញ្ចប់ការវាយប្រហារគ្នា បន្តការរាប់អានគ្នាជាបងប្អូនខ្មែរដូចគ្នា ក្រោមគោលការណ៍ឈ្នះឈ្នះ ដើម្បីបន្តជ្រកក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ អរគុណសន្តិភាព»៕