(កណ្ដាល)៖ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៨យប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាប្រពន្ធស្លាប់ នៅកន្លែងកើតហេតុ)។ ដោយឡែក ជនដៃដល់ឈ្មោះ ឆាយ ធន់ អាយុ២៩ឆ្នាំ ជាប្ដី រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ប្ដីប្រពន្ធ មួយគូនេះបានលែងលះគ្នា រយៈពេលប្រហែលមួយអាទិត្យមកហើយ ដោយសារការប្រច័ណ្ឌគ្នា។
សាក្សីឈ្មោះ សោម ម៉ារ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃរការឃុំឆក់ឈើនាង បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះ និងជនសង្ស័យជិះម៉ូតូមួយម្នាក់ មកឈប់នៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងមុខហាងលក់ខោអាវរបស់ខ្លួន បន្ទាប់មកក៏ឮសម្លេងមនុស្សស្រីម្នាក់ស្រែកថា ជួយផងមានមនុស្សចាក់សម្លាប់គ្នាហើយ ឮដូចនោះក៍ចេញទៅមើល ឃើញជនរងគ្រោះដួលស្លាប់ទៅលើដី ហើយជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតចាក់ខ្លួនឯង និងអារ.កខ្លួនឯងតែម្ដង។
សមត្ថកិច្ចនគរបាល បច្ចេកទេសខេត្តកណ្ដាល បានសហការជាមួយនគរបាលជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក ចូលរួមដោយ នគរបាលព្រហ្មទណ្ឌស្រុក ប៉ុស្ដិ៍រដ្ឋបាលឆក់ឈើនាង មេឃុំឆក់ឈើនាង គ្រូពេទ្យមណ្ឌល សុខភាពពើក មេភូមិព្រៃរការ បានពិនិត្យលើជនរងគ្រោះមានស្នាកស្នាម ផ្នែកខាងមុខ របួសចំដើមទ្រូង និងផ្នែកខាងក្រោយក្រោមបោះដៃផុត ធ្លុះឆ្អឹងជំនីដល់ក្នុង។ ក្រោយពិនិត្យចប់សព្វគ្រប់ សាកសពមន្ដ្រីជំនាញបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕