ភ្នំពេញ ៖ ជួយស្ទូចអូសរថយន្តស្ទូចមួយគ្រឿងទៀតដែលជាប់ផុងក្នុងការដ្ឋានកំពុងសាងសង់ ស្រាប់តែទម្ពក់ស្ទូច ទៅទាក់ខ្សែកាប្លិ៍ បណ្ដាលឱ្យទម្ពក់ស្ទូចនោះវាត់ទៅត្រូវចំក្បាលព្រូរថយន្ដម្នាក់កំពុងឈរសម្រួលចរាចរណ៍លើផ្លូវ បណ្ដាលឱ្យបែករងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនជិតដល់មន្ទីរពេទ្យ។
កើតឡើងនៅវេលាម៉ោង៣និង ៤០នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅត្រង់ការដ្ឋានមួយកន្លែង ទល់មុខផ្សារបឹងឈូកមាស តាមបណ្ដោយផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជនរងគ្រោះ ឈ្មោះ មុំ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡានស្ទូច ស្នាក់នៅក្នុងការ៉ាស់ឡានស្ទូច ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ជនសង្ស័យជាអ្នកបើកបររថយន្តស្ទូចបង្ក ឈ្មោះ លន់ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានស្ទូច ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
មុនពេលកើតហេតុ គេឃើញរថយន្តស្ទូច ពណ៌ស មានដងសន្ទូច ពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3F-4050 ចូលមកក្នុងការដ្ឋានសាងសង់មួយកន្លែងដើម្បីស្ទូចលើកដែកដែលផ្សាររួចឡើងលើដំបូល ឲ្យជាងផ្សារភ្ជាប់។ លុះរថយន្តថយមកខាងក្រោយវិញ ក៏ជាប់ផុង ហើយមេការបានទាក់ទងហៅរថយន្តស្ទូចមួយគ្រឿងទៀត ពណ៌លឿង មកជួយស្ទួចសណ្ដោងអូសយករថយន្ត ពណ៌សនោះចេញពីកន្លែងជាប់ផុង ស្រាប់តែទម្ពក់ស្ទូច ទាក់ខ្សែកាប្លិ៍ បណ្ដាលឱ្យទម្ពក់ស្ទូច នោះគ្រវាត់ទៅត្រូវចំក្បាលព្រូរថយន្ដម្នាក់កំពុងឈរសម្រួលចរាចរណ៍លើផ្លូវ បណ្ដាលឱ្យបែកក្បាលរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ហើយសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងទាក់ទងទៅរថយន្តសាមុយដឹកយកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្គ្រោះអាយុជីវិតដែរ តែដោយសារជនរងគ្រោះរងរបួសធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់ មុនទៅដល់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តស្ទូចបង្ក បានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ តែត្រូវសមត្ថកិច្ចដេញតាមឃាត់បាននៅម្ដុំវត្តឃ្មួញ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត នៅខេត្តស្វាយរៀង៕