ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ដោយសារព្យុះម៉ូឡាវ…

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា នឹងបន្ដរងនូវឥទ្ធិពលព្យុះម៉ូឡាវ បណ្ដាល​ឲ្យ​តំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០២០ថា យោងការតាមដាន និងការវិវត្តជាក់ស្តែង នៃ​ស្ថានភាព​អាកាស​ធាតុ បង្ហាញឲ្យឃើញថា នៅព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វិសម្ពាធមួយ បានកើតឡើង ក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត កៀកនឹងប្រទេសហ្វីលីពីន។ វិសម្ពាធនេះ បានវិវឌ្ឍខ្លួន​ជាបន្ត​បន្ទាប់ទៅជាព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) ហើយតម្រង់​ទិសដៅ​ចូលទៅភាគកណ្តាល នៃប្រទេសហ្វីលីពីន ។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នោះ បាន​ព្យាករថា ព្យុះនេះនឹងបង្កើនឥទ្ធិពល ជាលំដាប់ នៅពេលវាបោក​បក់​ឆ្លង​កាត់ប្រទេសហ្វីលីពីន រួចចូលមកក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ ប៉ុន្ដែបានថមថយឥទ្ធិពល នៅពេលចូល​មកដល់​ប្រទេស​វៀតណាម នៅត្រង់ម្តុំចំណុចក្វាងងៃ (Quang Ngai) នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ រួចបន្តដំណើរចូលទៅលើតំបន់ប៉ាសុងរបស់ ប្រទេសឡាវ ដោយថមថយឥទ្ធិពល ទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបន្ដថា បើតាមការអង្កេតលក្ខណៈបែបនេះ វានឹងធ្វើឲ្យអាកាសធាតុ នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ ២០២០ នឹង​មានស្ថានភាព ដូចខាងក្រោម៖ ទី១-បណ្តាខេត្តនៅតំបន់ជួរភ្នំដងរ៉ែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តឧត្តរមានជ័យ អាចនឹងមានភ្លៀងធ្លាក់ច្រើន លាយឡំ​ជាមួយ​នឹងខ្យល់​ខ្លាំង។ ទី២– បណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន ខេត្តកំពង់ធំ សៀម​រាប បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង អាចនឹងមាន​ភ្លៀង​ធ្លាក់ច្រើន។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវ​នាវ​ដល់​ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ជាពិសេស បងប្អូនប្រជាពលរដ្ឋ រស់នៅតាមតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង​នូវ​គ្រោះ​ថ្នាក់​​ផ្សេងៗ ដែលអាចកើតឡើង ជាយថាហេតុ។

ទោះជាយ៉ាងណា ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុង​បន្ត​តាម​ដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹង​ជម្រាប​ជូនព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុ មាន​ការ​ប្រែប្រួល​ទៅ​ជាយ៉ាងណានោះ៕

សូមអានខ្លឹមសារសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ទាំងស្រុងដូចខាងក្រោម៖

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *