[ភ្នំពេញ]៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត។
ជនសង្ស័យមានឈ្មោះ ជុំ សុជាតិ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៣:៣០នាទី បន្ទាប់ពីរូបគេ បានខ្ចីម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ 1HE-8168 របស់ឈ្មោះ ភឿន សុផាត ភេទប្រុស អាយុ ២៣ឆ្នាំ ជាមិត្តភក្តិធ្វើការជាមួយគ្នានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២:២០នាទី នៅចំនុចច្រកចូលផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយប្រាប់ថាជិះយកទៅដកលុយនៅធនាគារ អេស៊ីលីដា មួយភ្លែត តែរូបគេបានជិះ ទៅណាហ្កាវើល ហើយយកម៉ូតូរបស់ជនរងគ្រោះ ទៅបញ្ចាំបានតម្លៃ ៨០០ដុល្លារអាមេរិក ហើយរូបគេបានយកលុយនោះទៅលេងល្បែងហ្គេមបាញ់ត្រីនៅកោះពេជ្រ ចាញ់អស់។
បន្ទាប់មករូបគេ បានគេចខ្លួន ទៅពួនសម្រាកនៅផ្ទះរបស់មិត្តភក្តិរបស់រូបគេ នៅម្តុំវិមានឯករាជ្យ ព្រមទាំងបិទទូរស័ព្ទ ដើម្បីកុំឲ្យជនរងគ្រោះខលចូល និងរករូបគេឃើញ តែទោះបីខំលាក់ខ្លួនយ៉ាងណា ក៏រូបគេ នៅតែត្រូវបានសម្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា ស្រាវជ្រាវឃាត់ខ្លួន យកមកសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ដដែល៕