(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជាថា កម្ពុជា និងវៀតណាម គួរមានកិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការលើការធ្វើកសិកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានលើកពីបំណងចង់ឱ្យមានកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើការធ្វើកសិកម្មនៅតាមព្រំដែនជាមួយវៀតណាមនេះ ក្នុងពេលសម្តេចអនុញ្ញាតឱ្យ ង្វៀន ហ៊ុយតាំង ដែលជាឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាម ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះសម្តេចតេជោ បានកត់សម្គាល់ពីភាពល្អប្រសើរនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ដែលនៅតែបន្តកើនឡើង ទោះបីរងការយាយីដោយសារជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់បន្ថែមលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរីកធំធាត់ថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត។
ក្រៅតែពីការជំរុញឱ្យយកចិត្តទុកដាក់លើការធ្វើពាណិជ្ជកម្មហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវបំណងចង់ឃើញកិច្ចព្រមព្រៀងស្តីពីការធ្វើកសិកម្មនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមផងដែរ។
កិច្ចសហប្រតិបត្តិការដែលសម្តេចតេជោ ចង់បាននោះ មានដូចជា ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន ការប្រយុទ្ធប្រឆាំងនឹងសត្វល្អិតចង្រៃជាដើម។
សូមបញ្ជាក់ថា ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកមិញនេះ លោក ង្វៀន ហ៊ុយតាំង បានសម្តែងនូវក្តីរីករាយចំពោះការទទួលបានឱកាសមកបំពេញបេសកកម្មការងារនៅកម្ពុជា ហើយលោក ក៏បាននាំយកនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ជូនសម្តេចតេជោផងដែរ។
លោក ហ៊ុយតាំង ក៏បានឆ្លៀតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះផ្តល់អំណោយជាបរិក្ខារពេទ្យ និងវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នាពេលកន្លងទៅ។ លោកឯកអគ្គរដ្ឋទូតវៀតណាម ក៏បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ។
ជាមួយការបំពេញបេសកកម្មការទូតនៅកម្ពុជា លោក ហ៊ុយតាំង ប្តេជ្ញាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែប្រសើរ តាមរយៈវិស័យការទូត នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាវិស័យដទៃទៀត៕