(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់បទបញ្ជាឱ្យមានការអភិវឌ្ឍមីស៉ីលបាលិស្ទីគអន្តរទ្វីប ឬ ICBM ថ្មីៗបន្ថែមទៀត ព្រមទាំងបង្កើនចំនួនអាវុធនុយក្លេអ៊ែរឱ្យកាន់តែច្រើនជាងមុន ដើម្បីទប់ទល់ការគំរាមកំហែងដែលដឹកនាំដោយសហរដ្ឋអាមេរិក ចំពោះមុខការកើនឡើងនៃភាពតានតឹង នៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា កំលុងកិច្ចប្រជុំមួយនៃគណបក្សកាន់អំណាចកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគូសរំលេចអំពីភាពចាំបាច់ ក្នុងការធានាឱ្យបានអានុភាពយោធាខ្លាំងសម្បើម ដើម្បីការពារអធិបតេយ្យនិងសន្តិសុខរបស់ខ្លួន។ ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើង ខណៈកូរ៉េខាងជើងធ្វើតេស្តមីស៉ីលជាច្រើនលើក កាលពីក្នុងឆ្នាំ២០២២ រួមមានទាំងមីស៉ីល ICBM និងជាពិសេសទៀតនោះ បន្ទាប់ពីដ្រូនកូរ៉េខាងជើងប៉ុន្មានគ្រឿង បានហោះទន្ទ្រានចូលដែនអាកាសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។
លោក គីម បានចោទទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូលថា ព្យាយាមដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង តាមរយៈការបញ្ជូនឥតឈប់ឈរ នូវសព្វាវុធយុទ្ធសាស្រ្តរបស់អាមេរិក ដែលមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ មកកាន់កូរ៉េខាងត្បូង។
ស្ថានការណ៍តានតឹងនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយការគំរាមកំហែងផ្នែកយោធា ពីសំណាក់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក គឺស្តែងឱ្យឃើញពីសារសំខាន់និងភាពចាំបាច់ ក្នុងការពង្រឹងឱ្យបានខ្លាំងលើសលប់ នូវសាច់ដុំយោធារបស់កូរ៉េខាងជើង តាមរយៈការផលិតអាវុធនុយក្លេអ៊ែរតាក់ទិចទ្រង់ទ្រាយធំ ព្រមទាំងការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរឱ្យបានច្រើនបំផុត។ បើតាមលោក គីម រឿងទាំងនេះនឹងក្លាយជាអាទិភាពចម្បង នៃយុទ្ធសាស្រ្តនុយក្លេអ៊ែរនិងការពារជាតិឆ្នាំ២០២៣។
គួរបញ្ជាក់ថា កាលពីក្នុងឆ្នាំ២០២២ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បង មីស៉ីលបាលិស្ទីគយ៉ាងហោច៧០គ្រាប់ ក្នុងនោះរួមមានទាំង ការតេស្តមីស៉ីល ICBM ឡើងវិញជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មកផងដែរ។ មីស៉ីល ICBM នោះគឺជាប្រភេទ Hwasong-17 ដែលក្រុមអ្នកវិភាគជឿជាក់ថា មានសមត្ថភាពគ្រាប់គ្រាន់ ក្នុងការបាញ់ដល់សហរដ្ឋអាមេរិក៕