(កំពង់ធំ)៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានជំរុញឱ្យឪពុកម្ដាយ អាណាព្យាបាលសិស្សគប្បីបញ្ជូនកូនចៅទៅចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីឱ្យបានគ្រប់គ្នា។ ការជំរុញបែបនេះក្នុងឱកាសលោក នី ផល្លី ដឹកនាំក្រុមការងារបើកបវេសនកាលឆ្នាំសិក្សា២០២៣ ដែលប្រព្រឹត្តទៅនៅអនុវិទ្យាល័យត្នោតជុំ និងសាលាបឋមសិក្សាទាំង៤ក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍។
លោក នី ផល្លី បានលើកពីការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យដឹកនាំដោយរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងបានធ្វើការប្រៀបធៀបសិទ្ធិក្នុងការរស់រាន និងសិទ្ធិទទួលបានការអប់រំរវាងសម័យសង្រ្គាម និងសម័យតេជោសន្តិភាព។លោកបានថ្លែងថា «ការវិនិយោគលើវិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្ស គឺជាយុទ្ធសាស្រ្តអាទិភាពរយៈពេលយូររបស់ឪពុកម្តាយ និងរដ្ឋាភិបាលក្នុងការគាំទ្រដល់ការកសាងអនាគតដ៏ភ្លឺស្វាងរបស់កូន និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព»។
ឆ្លៀតឱកាសនោះ លោក នី ផល្លី បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលជាឪពុកម្តាយទី២បានលះបង់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាក្នុងការអប់រំនិងផ្ទេរទាំងចំណេះដឹង និងបង្ហាត់ទាំងសុជីវធម៌ដល់សិស្សានុសិស្សទាំងអស់។ លោកក៏បានកោតសរសើរខ្ពស់ដល់ឪពុកម្តាយគ្រប់រូបដែលបានបញ្ចូនកូនៗមកសាលារៀន និងគាំទ្រដល់ការសិក្សារបស់គាត់ផងដែរ។
លោក នី ផល្លី បានបន្ថែមថា ឃុំត្នោតជុំមានលក្ខណៈពិសេសជាងគេ ដោយក្រុមការងារបានបង្កើតនិងគាំទ្រដល់ក្លឹបសិក្សាសម្រាប់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីរៀនបំប៉នបន្ថែម។
ដើម្បីចូលរួមអបអរសាទរបើកបវេសនកាល លោក នី ផល្លី និងលោកស្រី ព្រមទាំងក្រុមការងារបានឧបត្ថម្ភសម្ភារសិក្សាដល់លោកគ្រូអ្នកគ្រូចំនួន៥២នាក់ និងសិស្សានុសិស្សចំនួន១០៨៣នាក់ ដែលសរុបរួមមានសៀវភៅតែងកិច្ចចំនួន២០៨ក្បាល សៀវភៅសរសេរចំនួន៤៨៩៦ក្បាល ប៊ិចចំនួន១១៧៤ដើម ខ្មៅដៃចំនួន២១៥៦ដើម ដែកខួងចំនួន១០៨៣ និងជ័រលុបចំនួន១០៨៣៕