សម្តេចតេជោ ហ៊ុន សែន ផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋជាង ១២០០គ្រួសារ នៅបុរីកីឡាជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗទៀត…

(ភ្នំពេញ)៖ ពលរដ្ឋជាង ១២០០គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង ០៨អគារ បានបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់បណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតនោះ។

ការបង្ហាញពីក្តីរំភើបរីករាយចិត្តពីសំណាក់ប្រជាពលរដ្ឋជាង ១២០០គ្រួសារនេះ បានបង្ហាញឲ្យឃើញ នៅពេលដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១៣៩២ យូនីត ស្មើនឹងជាង ១២០០គ្រួសារ ជូនពួកគាត់ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។


លោក ឃួង ស្រេង បានលើកឡើងថា «ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន និងដើម្បីជួយសម្រួលឱ្យបងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់លើចំណែកឯកជន នៃអគារសហកម្មសិទ្ធិបុរីកីឡា ក៏ដូចសម្រាលបន្ទុក ក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយោដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងបណ្ណកម្មសិទ្ធិខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចឲ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១៣៩២យូនីត នៃអគារបុរីកីឡា ទាំង០៨អគារ ជូនប្រជាពលរដ្ឋទាំងអស់ ប្រមាណជាង ១២០០គ្រួសារ ជាមួយនឹងការលើកលែងនូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ព្រមទាំងសេវាអន្តរ ក្រសួងនានា ក្នុងការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១៣៩២យូនីត នៃអគារ បុរីកីឡា ទាំង ០៨ អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់»

លោក ឃួង ស្រេង បន្តថា នេះពិតជាស្ដែងឱ្យឃើញអំពីយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា ទាំង០៨អគារ។ តាមរយៈការជួយសម្រួលដល់ការធ្វើបណ្ណកម្មសិទ្ធិខាងលើ ដោយពុំចំណាយថវិកាលើការបង់ពន្ធ-អាករផ្សេងៗ និងសេវាអន្តរក្រសួងនានានោះ លោកស្នើប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា បន្តគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបានឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ដូចជាគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *